
កាសែតបាងកកប៉ុស្ដិ៍ផ្សាយនៅព្រឹកនេះថា ទាហានកម្ពុជា និងថៃ ផ្ទុះអាវុធដាក់គ្នានៅក្នុងជម្លោះនៅតាមព្រំដែនចំណុចតំបន់ចុងបូក ភាគឦសាននៃខេត្ត Ubon Ratchathani នៅព្រឹកថ្ងៃពុធនេះក្នុងរយៈពេលខ្លី និងមិនបានបង្កឱ្យមានអ្នករងរបួសនោះទេ។ បើខ្មែរហៅថាបតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បាននិយាយថា ក្រុមទាហាន Suranaree Task Force បានរាយការណ៍ពីការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅវេលាម៉ោង ៥ និង៣០នាទីព្រឹក នៅថ្ងៃពុធទី ២៨ ខែឧសភា។ នៅមុនពេលកើតហេតុ មានទាហានខ្មែរមួយក្រុម បានចូលទៅតំបន់ដែលមានជម្លោះ ហើយទាហានថៃ ក៏បានចូលទៅជិត និងបានសួរនាំ ហើយក៏បានប៉ះពារសម្ដីគ្នា រហូតដល់មានការផ្ទុះអាវុធកើតឡើងប្រហែល ១០នាទី។

ក្រោយមកមេបញ្ជាការរងនៃកងកម្លាំងក្នុងស្រុកថៃ និងកម្ពុជា បានពិភាក្សាគ្នាភ្លាមៗតាមទូរសព្ទ និងបានយល់ព្រមបញ្ឈប់សកម្មភាពបាញ់តបតគ្នា។
ទោះយ៉ាងនេះក្ដីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោក ឈុំ សុជាតិ បានឱ្យដឹងថា ពិតជាមានការផ្ទុះអាវុធដាក់គ្នាមែន តែពុំទាន់ដឹងមូលហេតុពិតនាំឱ្យកើតរឿងនេះនៅឡើយទេ៕
