
អង្គការសង់ត្រាល់នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍ថា ពលរដ្ឋកម្ពុជាមួយចំនួននៅតែបន្តចាញ់បោកមេខ្យល់ ផ្សព្វផ្សាយ ប្រើល្បិចកុហកលួងលោម អូសទាញ ដោយសន្យាថា នាំទៅធ្វើការនៅបរទេសដែលមាន ការងារល្អ និងមានប្រាក់ឈ្នួលខ្ពស់។ ជាក់ស្ដែងកាលពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះមានពលរដ្ឋកម្ពុជា ជាជនរងគ្រោះមកពី ខេត្ដផ្សេងៗគ្នាដូចជា៖ ព្រៃវែង តាកែវ កំពត កណ្ដាល ស្វាយរៀង ព្រះវិហារ កំពង់ចាម ក្រចេះ កំពង់ឆ្នាំង បាត់ដំបង និងរាជធានីភ្នំពេញ បានមានបំណងចំណាកស្រុក ទៅធ្វើការ នៅប្រទេស កូរ៉េខាងត្បូងចំនួន៤៨នាក់ ក្នុងចំណោមជនរងគ្រោះ ប្រមាណ៣០០នាក់ ផ្សេងទៀត បានមក រាយការណ៍និងស្នើសុំជំនួយគាំទ្រពីអង្គការសង់ត្រាល់។ ពួកគាត់អះអាងថា “ បានចាញ់បោកមេខ្យល់ ដែលបានឃោសនាផ្សព្វផ្សាយ ធានាថាជួយស្វែងរកការងារ ឱ្យធ្វើនៅប្រទេស កូរ៉េខាងត្បូង ដែលនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ប្រមាណ ១០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ ”។

សង់ត្រាល់សូមអំពាវនាវ៖ ការចំណាកស្រុកទៅធ្វើការនៅបរទេសជាជម្រើស និងការស្វែងរក ឱកាសការងារមួយសម្រាប់ពលរដ្ឋកម្ពុជា ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ សងបំណុល និងសន្សំសម្រាប់ដោះស្រាយបញ្ហានាពេលអនាគត។ ស្របពេលជាមួយគ្នានេះពលរដ្ឋកម្ពុជាដែលមាន បំណងចំណាកស្រុក ឬបានចំណាកស្រុកទៅធ្វើការនៅបរទេសមួយចំនួនបានជួបប្រទះបញ្ហាជាច្រើន ផងដែរនៅក្នុងដំណើការនេះ បញ្ហាសំខាន់ៗរួមមាន៖
១). តម្លៃសេវាខ្ពស់ក្នុងការស្វែងរកការងារធ្វើនៅបរទេស
២). ចំណាយពេលយូរក្នុងការដំណើរការស្វែងរកការងារធ្វើនៅបរទេស
៣). ដំណើរការមានភាពស្មុគស្មាញ និងគ្មានព័ត៌មានគ្រប់ជ្រុងជ្រោយ
៤). ប្រឈមនឹងការចាញ់បោក ក្រុមឆ្លៀតឱកាសដែលជាមេខ្យល់ខុសច្បាប់

បញ្ហាទាំងនេះបានបង្កផលលំបាកជាច្រើនដល់ពលរដ្ឋកម្ពុជា ដែលមានបំណងចំណាកស្រុក ឬបានចំណាកស្រុកទៅធ្វើការនៅបរទេស ហើយវាក៏បានជំរុញឱ្យពលរដ្ឋកម្ពុជា មួយចំនួន ចំណាក ស្រុក ទៅធ្វើការនៅបរទេសដោយប្រថុយប្រថានមិនមានឯកសារគ្រប់គ្រាន់ ហើយខ្លះបានចាញ់ បោក ឧក្រិដ្ឋជនដែលជាមេខ្យល់ បានផ្សព្វផ្សាយអះអាងធានាថាជួយស្វែងរកការងារនៅបរទេស ជូនពលរដ្ឋកម្ពុជា៕
