
មហាបាតុកម្មលើកទី២ នៅវិមានឈ្នះឈ្នះថ្ងៃនេះ (០២ សីហា ២០១៥) បានរំលឹកឡើងវិញនូវការអំពាវនាវដើមរបស់ខ្លួន ឱ្យនាយករដ្ឋមន្រ្តីលាលែងដោយលើកយកតួនាទីរបស់គាត់ថាជាដើមចមនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ពួកគេក៏បានរិះគន់ការបំពេញការងាររបស់នាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai ដោយអះអាងថាលោកបានធ្វើឱ្យប្រទេសថៃមានគុណវិបត្តិបន្ទាប់ពីការចរចាបទឈប់បាញ់ជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសម៉ាឡេស៊ី។ នេះបើតាមសារព័ត៌មានថៃរ៉ាត់

លោក Jatuporn Prompan លោក Nitithorn Lamluea លោក Phichit Chaimongkol និងសមាជិកស្នូលនៃក្រុមដែលហៅខ្លួនឯងថាជា "កម្លាំងរួបរួមនៃទឹកដីដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ" បានវេនគ្នាថ្លែងសុន្ទរកថានៅលើឆាក និងសម្តែងតន្ត្រីផ្ទាល់ពេញមួយថ្ងៃ។ នៅម៉ោង៦ល្ងាច មេដឹកនាំបាតុករ និងអ្នកចូលរួមបានប្រមូលផ្តុំគ្នាគោរពទង់ជាតិ បង្ហាញពីទឹកចិត្តស្នេហាជាតិ និងផ្ញើការគាំទ្រដល់ទាហាននៅតាមព្រំដែនកម្ពុជា-ថៃ។

លោក Jatuporn Prompan ដែលជាមេដឹកនាំស្នូលមួយរូបបានអំពាវនាវឱ្យគណបក្សចម្រុះបង្ហាញជំហររបស់ពួកគេដោយដកខ្លួនចេញពីក្រុមចម្រុះ ហើយបានប្រកាសថាពួកគេនឹងធ្វើឱ្យបាតុកម្មកាន់តែកើនឡើងដោយការដើរដង្ហែទៅបិទវិមានរដ្ឋាភិបាលក្នុងសប្តាហ៍ក្រោយ។

មុនពេលសុន្ទរកថាបញ្ចប់នៅម៉ោង 9:45 យប់ មានតន្ត្រីផ្សាយបន្តផ្ទាល់។ អ្នកតវ៉ាបានគ្រវីទង់ជាតិថៃ និងច្រៀងភ្លេងជាតិជាមួយគ្នា។ បន្ទាប់មក ពួកគេបានចាកចេញពីតំបន់នោះ ក្រោមការត្រួតពិនិត្យរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រប់គ្រងចរាចរណ៍។ ព្រឹត្តិការណ៍នេះមានសន្តិភាព និងសណ្តាប់ធ្នាប់៕

