
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ាន បាននិយាយកាលពីថ្ងៃអង្គារថា ការត្រួតពិនិត្យតាមរយៈផ្កាយរណបកំពុងតាមដានសកម្មភាពនៅតាមព្រំដែនកម្ពុជា និងថៃ ក្រោយបទឈប់បាញ់ដែលបានព្រមព្រៀងថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេលប្រាំថ្ងៃ។ នេះបើតាមការលើកឡើងរបស់លោកពេលឆ្លើយសំណួរក្នុងកិច្ចប្រជុំសភា ដែលត្រូវបានរាយការណ៍ដោយ Bernama

លោកថាការធ្វើដូចនេះដោយភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាអនុញ្ញាតឱ្យអនុព័ន្ធការពារប្រទេសម៉ាឡេស៊ី និងសមភាគីអាស៊ានសម្របសម្រួលការឃ្លាំមើលពីចម្ងាយ។

សម្រាប់សំណួរថា តើត្រូវការកងទ័ពដើម្បីតាមដានបទឈប់បាញ់នៅលើដីផ្ទាល់ឬអត់ លោកថា យើងនឹងសម្រេចនៅពេលក្រោយ វាមិនងាយស្រួលទេនៅពេលដែលការសម្លាប់ និងការបាញ់ប្រហារបានកើតឡើង វាត្រូវការពេលវេលាដើម្បីបន្ថយ និងរំងាប់ភាពតានតឹង៕ SP
