
វៀតណាម៖ សមាគមផ្លែឈើរបស់ប្រទេសវៀតណាម បានធ្វើការប៉ាន់ប្រមាណថាឈ្មួញនាំចេញអាចនឹងខាតបង់ទឹកប្រាក់ប្រមាណ ១៣១-១៧៥ លានដុល្លារ ប្រសិននបើរថយន្តកុងតឺន័រចំនួន ៦ ២០០ នៅតែបន្តជាប់គាំងនៅព្រំដែនវៀតណាម-ចិន។
ប្រធានសមាគម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញមួយជាធម្មតាដឹកទំនិញដែលមានតម្លៃចន្លោះពី ៥០០ ទៅ ៩០០ លានដុង ហើយការចំណាយទៅលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរ បូករួមនឹងការចំណាយផ្សេងៗ អាចកើនឡើង ១០០លានដុងបន្ថែមទៀត ។ (១០០ លានដុង = ៤៣៧០ ដុល្លារ ) ដូច្នេះវាមានន័យថា ការខាតបង់អាចនឹងមានចំនួនរហូតដល់ ៣-៤ ពាន់លានដុង ប្រសិនបើផ្លែស្រកានាង ខ្នុរ ឪឡឹក និងស្វាយខូចស្អុយរលួយ ដោយសារតែយឺតយ៉ាវក្នុងការដឹកជញ្ជូនឲ្យទាន់ពេលវេលានោះ។

សូមបញ្ជាក់ផង ប្រទេសចិនកំពុងរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពយ៉ាងខ្លាំង ទៅលើការនាំចូលក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវិដ១៩ពីប្រទេសវៀតណាម ខណៈចិនបានបិទច្រកព្រំដែនមួយចំនួនជាមួយប្រទេសវៀតណាម ដែលជាហេតុធ្វើឲ្យចក្រទ្វារពីរ ក្នុងចំណោមច្រកទ្វារសំខាន់ៗចំនួន ៣ ផ្សេងទៀត នៅក្នុងស្រុក Lang Son មានការកកស្ទះរថយន្តកុងតឺន័រជាច្រើនពាន់គ្រឿង៕
