សាច់បង្កកនិងគ្រឿងសមុទ្រត្រូវបានឈ្មួញលួចរត់ពន្ធពីប្រទេសថៃ មកកោះកុង ជាបន្តបន្ទាប់

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 23 សីហា 2025
សាច់បង្កកនិងគ្រឿងសមុទ្រត្រូវបានឈ្មួញលួចរត់ពន្ធពីប្រទេសថៃ មកកោះកុង ជាបន្តបន្ទាប់

មួយរយៈចុងក្រោយបន្ទាប់ពីបិទច្រកព្រំដែនគោកកម្ពុជាថៃ សកម្មភាពរត់ពន្ធសាច់បង្កកនិងគ្រឿងសមុទ្រត្រូវបានកើតមានយ៉ាងសកម្មឆ្លងកាត់ខេត្តកោះកុង ដោយក្រុមឈ្មួញដឹកតាមទូករាប់តោនក្នុងមួយជើងៗ។

ជាក់ស្ដែងកាលពីកន្លងទៅនេះទូកដឹកសាច់បង្កកនិងគ្រឿងសមុទ្រត្រូវបានលិច ១គ្រឿងនៅភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោយមកទៀតកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ទូកមួយគ្រឿងទៀតដឹកសាច់បង្កកនិងគ្រឿងសមុទ្រជាង១០តោនត្រូវបានសមត្ថកិច្ចឃាត់មួយរយៈក៏ដោះលែងទៅវិញ បន្ទាប់ពីធ្វើការផាកពិន័យ និងបង់ពន្ធរួចរាល់ នេះបើតាមការចុះផ្សាយពីសារព័ត៌មានមួយចំនួន គ្រាដែលកន្លងទៅវីដេអូរត់ពន្ធសាច់បង្កកនិងគ្រឿងសមុទ្រតាមទូកផ្សេងទៀតក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមបង្ហោះយ៉ាងព្រោងព្រៀតផងដែរ។

សាច់បង្កកនិងគ្រឿងសមុទ្រត្រូវបានឈ្មួញលួចរត់ពន្ធពីប្រទេសថៃ មកកោះកុង ជាបន្តបន្ទាប់

នៅក្នុងនោះបើតាមអ្នកជំនាញពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក លី ឡាវីស ធ្លាប់បានលើកឡើងថា ការដឹកជញ្ជូន ការរក្សាទុកសាច់បង្កកឱ្យមានគុណភាព និងសុវត្ថិភាព ត្រូវតែធ្វើឡើងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទើបមិនប្រឈមបញ្ហាសុខភាពដល់អ្នកទទួលទាន។ ពោលគឺការដឹកជញ្ជូន និងរក្សាទុកត្រូវតែធ្វើឡើងតាមរយះទូក្លាសេជាប់ជានិច្ច ខ្លះគេហៅទូកក ដើម្បីរក្សាសីតណ្ហភាពត្រជាក់តាមស្តង់ដារចន្លោះពីដក ១៨ ទៅ ២០ អង្សាសេទើបរក្សាគុណភាពសាច់បានល្អ ដែលបាក់តេរី និងបណ្តាសារធាតុបង្កជំងឺ នឹងឈប់លូតលាស់ ហើយសាច់អាចរក្សាទុកបានយូរ។ ចុះបើយើងក្រឡេកមកមើលការដឹកជញ្ជូនតាមទូកនេះវិញគឺស្តុកទុកក្នុងកេះស្នោ នាំឱ្យកើតឆ្ងល់ តើវាអាចមានសីតណ្ហភាពត្រជាក់តាមស្តង់ដារដែរឬទេ?

សាច់បង្កកនិងគ្រឿងសមុទ្រត្រូវបានឈ្មួញលួចរត់ពន្ធពីប្រទេសថៃ មកកោះកុង ជាបន្តបន្ទាប់

ប្រភពបានបន្តឱ្យដឹងថា ក្រុមមេឈ្មួញសកម្ម និងអ្នករត់ការរកស៊ីនាំផលិតផលពីសាច់សត្វបង្កក និងគ្រឿងសមុទ្របង្កកពីថៃចូលមកកម្ពុជាតាមខេត្តកោះកុង មានដូចជាឈ្មោះ ឆេង ឈ្មោះ លេក ឈ្មោះទ្រី ឈ្មោះស្រ៊ុន និងសម្លេងដែលកំពុងនិយាយក្នុងវីដេអូឃ្លីបនេះមានឈ្មោះ ធី គឺជាអ្នករត់ការម្នាក់ផងដែរ។ 

សាច់បង្កកនិងគ្រឿងសមុទ្រត្រូវបានឈ្មួញលួចរត់ពន្ធពីប្រទេសថៃ មកកោះកុង ជាបន្តបន្ទាប់

ទាក់ទងនឹងការនាំចូលផលិតផលទាំងនេះលោក សួស មិថុនា ហៅឆេង បានឱ្យ 1Post ដឹងថា លោកអត់ជាប់ពាក់ព័ន្ធនឹងជំនួញនោះទេ។ ដោយឡែកឈ្មោះផ្សេងទៀតដូចរៀបរាប់ខាងលើមិនទាន់អាចទំនាក់ទំនងសូមការបញ្ជាក់បាននៅឡើយ គិតត្រឹមវេលាចេញផ្សាយនេះ។

សាច់បង្កកនិងគ្រឿងសមុទ្រត្រូវបានឈ្មួញលួចរត់ពន្ធពីប្រទេសថៃ មកកោះកុង ជាបន្តបន្ទាប់

នៅវគ្គយើងខ្ញុំនឹងព្យាយាមទំនាក់ទំនងសូមការបញ្ជាក់ពីអ្នកដែលពាក់ព័ន្ធបន្តទៀតជុំវិញការដែលទទួលព័ត៌មានបឋមមកថា មានគេលេងបីសន្លឹកដោយបន្លំចេញលិខិតក្លែងធ្វើជាផលិតផលក្នុងស្រុក និងល្បិចយកសាច់សត្វដោយហែកចេញពីប្រអប់ហ្សីនដែលនាំចូលពីក្រៅប្រទេស មកផ្ទេរដាក់ក្នុងថង់ផ្លាស្ទិចហើយក្លាសេក្នុងកេះស្នោដាក់គ្រឿងសមុទ្រពីលើ ពេលដឹកដល់គោលដៅគេយកសាច់ទាំងនោះចេញមកដាក់ក្នុងប្រអប់ហ្ស៊ីនវិញ មុននឹងបន្តចែកចាយលក់លើទីផ្សារ តើការពិតយ៉ាងណា៕ SP

សាច់បង្កកនិងគ្រឿងសមុទ្រត្រូវបានឈ្មួញលួចរត់ពន្ធពីប្រទេសថៃ មកកោះកុង ជាបន្តបន្ទាប់